Sunday, April 29, 2012

0 Apple ធ្លាក់​ចុះ​ ក្រោយ​ពីអស់ Steve Jobs ពិតទេ?

CEO ថ្មី Tim Cook និង​លោក Steve Jobs
ការ​ព្រមាន​​ពី​ការ​ធ្លាក់ចុះ​នៃ​ក្រុមហ៊ុន​ Apple ក្រោយ​បាត់​បង់​លោក Steve Jobs របស់​ក្រុម​អ្នក​ជំនាញ​នា​ពេល​កន្លង​មក​ ហាក់​ដូច​ជា​លេច​ជា​រូប​រាង​បន្ដិច​ៗ​ហើយ ខណៈ​ដែល​ក្រុមហ៊ុន​នេះ បាន​បរាជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​គូប្រជែង Samsung។
កាល​ពី​ម្សិលម៉ិញ ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា Samsung បាន​ក្លាយ​​ជា​ក្រុមហ៊ុន​ដែល​ផលិត​ទូរសព្ទធំ​ជាង​គេ​លើ​លោក ដោយ​លក់ទូរសព្ទ​បានជាង​ ៩០លាន​គ្រឿង ដែល​មាន​ន័យ​ថា ទូរសព្ទ​១​ក្នុង​ចំណោម​៤ ដែល​លក់​ គឺ​ជា​របស់ ​Samsung។ ចំនួនដ៏​ច្រើន​​នេះ បាន​ធ្វើ​ឲ្យ​ Samsung អាច​ទម្លាក់​ដំណែង​ដ៏​យូរ​របស់ Nokia បាន​ផងដែរ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ បើ​និយាយ​ពី Smartphone តែ​មួយ​មុខ ក៏​ក្រុមហ៊ុន​នេះ​ អាច​យក​ឈ្នះ Apple បាន​នោះ​ដែរ ដោយ​សារ​តែ​ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ អាច​លក់​ smartphone បាន ៤៤,៥លាន​គ្រឿង ស្មើ​នឹង ៣០,៦ភាគ​រយ ខណៈ​ដែល Apple លក់​បាន​តែ ៣៥,១លាន​គ្រឿង ស្មើ​នឹង ២៤,១​ភាគ​រយក្នុង​ចំណែក​ទីផ្សារ​​។
ប្រិយមិត្ត​ប្រហែល​ជា​ពិបាក​នឹង​ជឿ ប៉ុន្ដែ​ធាតុ​ពិត​គឺ Samsung បាន​លក់ ទូរសព្ទ​ត្រកូល Galaxy បាន ២ម៉ឺន​គ្រឿង​ក្នុង​មួយ​ម៉ោង​ ក្នុង​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ​២០១២ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​ស្ទើ​មិន​គួរឲ្យ​ជឿ​។
ការ​ចាញ់ Samsung នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ការ​ទស្សន៍​ទាយ​របស់​អ្នក​វិភាគ​មក​ ពីក្រុមហ៊ុន​ស្រាវ​ជ្រាវ​ Forrester ដែល​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ Apple ក្រោយ​ពី​គ្មាន​ការ​ដឹក​នាំ​ពី​លោក Steve Jobs។
លោក George Colony ដែល​ជា CEO របស់ Forrester ធ្លាប់​បាន​និយាយ​ថា នៅ​ពេល​ដែល Steve Jobs ស្លាប់​ទៅ គាត់​បាន​យក​វត្ថុ​បី​ទៅ​ជាមួយ​នឹង​គាត់ ដែល​ក្នុង​នោះ​ មាន​ ភាព​ជា​អ្នក​ដឹក​នាំ​ សមត្ថភាព​ក្នុង​ការ​ប្រឈមមុខ​នឹងហានីភ័យ​ធំ​ៗ និង​សមត្ថភាព​ក្នុង​ការ​ឆ្លៃ​ផលិត​ផល​ថ្មី​។
ចង់​ដឹង​ថា Apple ពិត​ជា​ថយ​ចុះ​មែន​នោះ ត្រូវ​រង់​ចាំ​មើល​លទ្ធផល​នៃ​ត្រីមាស​ទី​ពីរ​នេះ​បន្ត​ទៀត ប៉ុន្ដែ​ទំនង​ជាមិន​អាច​កែ​ប្រែ​ស្ថាន​ការ​ណ៍​នោះ​ទេ ប្រសិន​បើ​គ្មាន​ផលិត​ផល​ថ្មី​ទេ​នោះ​។​
ដោយ៖​ ដានី 

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia