Tuesday, May 15, 2012

0 ​ក្រុម​ហ៊ុន​​បច្ចេក​វិទ្យា​​ធំ​​​ៗ​​ទាំង​៦​ ដែល​ខាត​​ធ្ងន់​​ធ្ងរ​!

យោង​តាម​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ដែល​បញ្ចេញ​ឲ្យ​ដឹង​ដោយ​ក្រុមហ៊ុន​ បច្ចេកវិទ្យា​ធំ​ៗ​នា​ពេល​ថ្មី​ៗ​នេះ អាច​ឲ្យ​យើង​ដឹង​បាន​ថា មាន​ក្រុមហ៊ុន​បច្ចេក​វិទ្យា​​ធំ​ៗមួយ​ចំនួន ​ដែល​ធ្លាប់​តែ​ជោគ​ជ័យខ្លាំង​ក្លា​នា​ពេល​កន្លង​មក ប្រែ​ជា​ធ្លាក់​ខ្លួន​ខាត​បង់​ធ្ងន់​ធ្ងរ​នៅ​ឆ្នាំ​នេះ​។
ក្រុមហ៊ុន​ធំ​ៗទាំង​នោះ មាន​ដូច​ជា Nokia, Sony, Research In Motion (RIM) និង Sharp ជាដើម។ ដូច​ដែ​ល​ប្រិយមិត្ត​បាន​ដឹង​ហើយថា ក្រុម​ហ៊ុនទាំង​នេះ សុទ្ធ​តែ​ធ្លាប់​ធ្វើ​ជា​អធិរាជ​នៅ​ក្នុង​ទីផ្សារអស់​រយៈ​ពេល​ជាយូរ​ ដោយ​សារ​ផលិត​ផល​ល្បី​ៗ​របស់​ពួក​គេ ដែល​មាន​ដូចជា ទូរសព្ទ BlackBerry របស់ RIM និង Walkman របស់ Sony ជា​ដើម​។
យ៉ាង​ណា​ក្ដី ការ​កើន​ឡើង​នៃ​ដៃ​គូ​ប្រជែង​ខ្លាំង​ៗ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ ពិបាក​ក្នុង​ការ​រក្សា​តំណែង​របស់​ខ្លួន។ Nokia បាន​ធ្លាក់ចុះ ដោយ​សារ​ការ​បរាជ័យ​ក្នុង​ការ​វាយ​លុក​ក្នុង​ទីផ្សារ smartphone ដែល​កំពុង​កើន​ឡើង​ខ្លាំង ខណៈ Sharp បាន​ខាត​ប្រាក់ ដោយ​សារ​គូ​ប្រជែង​ខ្លាំង ដូច​ជា Samsung។
ខាង​ក្រោម​នេះ គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗទាំង​៦ ដែល​ខាត​បង់​ធ្ងន់​ធ្ងរ​ជាង​គេ​៖
១- RIM
នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ​សារពើពន្ធ ២០១២ ក្រុមហ៊ុន​ផលិត​ទូរសព្ទ BlackBerry នេះ បាន​ខាត​បង់​ចំនួន ១២៥លាន​ដុល្លារ។ ប្រាក់​ចំណូល​បាន​ធ្លាក់ចុះ ២៤ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ យោង​តាម comScore បាន​បង្ហាញ​ថា ចំណែក​ទីផ្សារ​ smartphone របស់ RIM បាន​ធ្លាក់ចុះ​ពី ១៦ភាគ​រយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន មក​សល់ត្រឹម​១២,៣ភាគ​រយ​ត្រឹម​​ខែ​មិនា​ឆ្នាំ​នេះ​ បើ​ទោះ​បី​ជា​ទូរសព្ទ Android ជា​រួម អាច​កាន់​កាប់​ទីផ្សារ​បាន​ដល់ទៅ ៥១ភាគ​រយ​ក៏​ដោយ​។
២- Sharp
ក្រុមហ៊ុន​ Sharp បាន​រាយ​ការណ៍​ពី​ការ​ខាត​បង់​ដ៏​អាក្រក់បំផុត​ប្រចាំ​ប្រវត្តិ​សាស្រ្ដ​ ក្រុមហ៊ុន ពោលគឺ​ខាត​ដល់ទៅ ៤,៦៧ពាន់​លានដុល្លារ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ការ​ខាត​នេះ គឺ​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ទូរទស្សន៍ LCD។
៣- Sony
កាល​ពី​ខែ​មេសា កន្លងទៅ Sony បាន​ប្រកាស​ពី​ការ​ខាត​បង់​ដ៏​ច្រើន​ ក្នុង​រយៈ​ពេល​បួន​ត្រីមាស​ជាប់​គ្នា​ ពោលគឺ​ខាត​ដល់ទៅ ៦,៤ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សារពើពន្ធ​ចុង​ក្រោយ​នេះ​។ Wall Street Journal បាន​បញ្ជាក់ថា នេះ​ជា​ការ​ខាត​ដ៏​អាក្រក់​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ដ​ក្រុមហ៊ុន​ក្នុង​ រយៈ​ពេល ៦៥ឆ្នាំ​។
៤- Nintendo
ក្នុង​ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​ដ៏​ធំ​មួយ​នេះបាន​ប្រកាស​ពី​ការ​ខាត​បង់​សរុប ៤៦១,២លាន​ដុល្លារ ក្នុង​ឆ្នាំ​សារពើពន្ធ​ ២០១១។
៥- Nokia
ក្រោយ​ពី​ធ្លាក់តំណែង​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ធំ​ជាង​គេ​លើ​លោក​ដែល​ កាន់​កាប់​អស់​រយៈ​ពេល​ជាងមួយទសវត្ស​ទៅ​ឲ្យ​គូ​ប្រជែង Samsung ក្រុមហ៊ុនរបស់​ហ្វាំង​ឡង់​មួយ​នេះ ក៏​ជួប​នូវ​ការ​ខាត​បង់​ដ៏​ល្វីង​មុខ​នោះ​ដែរ ដោយ​ខាត​ដល់ទៅ ១,២ពាន់​លានដុល្លារ​​ក្នុង​មួយ​ត្រីមាស​ចុង​ក្រោយ​។
៦- Acer
ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ Acer បាន​រាយការណ៍​ពី​ការ​ខាត​បង់​ចំនួន ២១២លានដុល្លារ​ក្នុង​ឆ្នាំ ២០១១ ដោយ​សារ​ការ​លក់​ធ្លាក់​ចុះ។ មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដោយ​សារ​ការ​កើន​ឡើង​ប្រជា​ប្រិយភាព​នៃ tablet និង smartphone។
ដកស្រង់ពី៖ សារិកា

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia