Monday, April 30, 2012

0 ​​ទើប​តែ​មាន​អាយុ ៦ឆ្នាំក្លាយជាជើង​ខ្លាំង​វ័យ​ក្មេង​ ខាង​ C++​ Programing

តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ឮ​ទេ​ថា​ ក្មេង​ប្រុស​ ឬ​ក្មេង​ស្រី​ដែល​មាន​អាយុ​ក្រោម​ ១០​ឆ្នាំ​អាច​ស្វែង​យល់​ភាសា​សម្រាប់​សរសេរ​កម្មវិធី​ដ៏ ​ពេញ​និយម​ C++ ​ដោយ​គ្មាន​នរណា​ម្នាក់​ជួយ​ណែ​នាំ​ឬ​ ទទួល​ការ​បង្រៀន​នៅ​សាលា​ណាមួយ​ដែរ​ទេ?​ បើ​តាម​ខ្ញុំ​គិត​ទៅ​ប្រហែល​ជា​មិន​ធ្លាប់​ទេ​មើល​ទៅ។
ពេល​នេះ​យើង​សូម​ណែនាំ​លោក​អ្នក​ឱ្យ​ស្គាល់​ក្មេង​ប្រុស​ម្នាក់​នៅ​ក្នុង ​ប្រទេស​ Bangladesh ឈ្មោះ​ថា​ Wasik Farhan-Roopkothaដោយ​គេ​មាន​អាយុ​ទើប​តែ​ ៦ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​មាន​ប្រាជ្ញា​ដែល​មិន​គួរ​ឱ្យ​ជឿ​ទាល់​តែ​សោះ​ ដែល​អាច​ស្វែង​យល់​ពី​ភាសា​ C++ ​បាន​ដោយ​ខ្លួន​ឯង។
Wasik ​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​កុំព្យូទ័រ​ដោយ​គ្មាន​ការ​បង្រៀន​ដែល​ត្រឹម​ ត្រូវ​ណាមួយ​ឡើយ។​ គេ​បាន​អភិវឌ្ឍន៍​ខ្លួន​ឯង​ពី​កម្មវិធី​ Word Processing ធម្មតា​ ទៅ​ជា​អ្នក​សរសេរ​ភាសា​ C++​ ដ៏​ឆ្លាតវៃ​ ហើយ​ចំណែក​ឯ​ក្រុម​គ្រួសារ​របស់​ Wasik ​វិញ​ក៏​សង្ឃឹម​ថា​ការ​រីក​ចម្រើន​របស់​កូន​ប្រុស​គាត់​នឹង​អាច​ទទួល​ស្គាល់ ​ដោយ​ក្រុមហ៊ុន​ Microsoft ​ព្រម​ទាំង​ឯកត្តកម្ម​ពិភព​លោក​ Guinness ​ផង​ដែរ។
ស្ថិត​ក្នុង​វ័យ​៣ឆ្នាំ​ Wasik ​បាន​ចាប់​ផ្ដើម​រៀន​វាយ​អក្សរ​នៅ​ក្នុង​កម្មវិធី Microsoft Word ​ហើយ​នៅ​ពេល​ដែល​គេ​មាន​អាយុ​ដល់​ ៤ឆ្នាំ​ គេ​បាន​ចាប់​ផ្ដើម​យល់​ពី​ភាសា​សម្រាប់​សរសេរ​កម្មវិធី​ ព្រម​ទាំង​ការ​ទាញ​យក​ហ្គេម​ emulator។​ ហើយ​ស្ថិត​ក្នុង​វ័យ​ ៤ឆ្នាំ​នេះ​ផង​ដែរ​ គេ​បាន​ក្លាយ​ជា​ជើង​ខ្លាំង​ខាង​ហ្គេម​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ Modern Warfare និង​Metal Gear Solid ជា​ដើម។

Wasik ​បាន​និយាយ​ថា​ “ខ្ញុំ​ពិត​ជា​មាន​ភាព​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ក្នុង​ការ​ប្រើ​ប្រាស់​ កុំព្យូទ័រ​ ព្រម​ទាំង​សិក្សា​ពី​ជំនាញ​ថ្មីៗ។​ មហិច្ឆតា​របស់​ខ្ញុំ​គឺ​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​កុំព្យូទ័រ​ និង​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ដ៏​រឹង​មាំ​មួយ” ។
Wasik ​អាច​ប្រើ​ប្រាស់​ Keyboard ​យ៉ាង​ស្ទាត់​ជំនាញ​ហើយ​ ថែម​ទាំង​អាច​សរសេរ​អត្ថបទ​ដោយ​មិន​ចាំ​បាច់​មើល​ Keyboard ​ទៀត​ផង​ ហើយ​ក្រៅ​ពី​ការ​សិក្សា​នៅ​មុខ​កុំព្យូទ័រ​ គេ​ក៏​ឆ្លៀត​ពេល​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​ដែល​មាន​អាយុ​ស្របាល​នឹង​គេ​ ព្រម​ទាំង​លេង​បាល់​ទាត់​ និង​ស្ដាប់​ចម្រៀង​កំសាន្ដ។

ម្ដាយ​របស់​ Wasik ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ “ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​នូវ​សមត្ថភាព​ដែល​គេ​មាន​នោះ​ឡើយ​ ហើយ​ក្នុង​នាម​ជា​អ្នក​ម្ដាយ​ម្នាក់​ ខ្ញុំ​សង្ឃឹម​ថា​នៅ​ថ្ងៃ​អនាគត​ គេ​នឹង​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ពិភព​ បច្ចេកវិទ្យា។​ ម្យ៉ាង​ទៀត​ខ្ញុំ​សង្ឃឹម​ថា​ Wasik ​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ រដ្ឋាភិបាល​ Bangladesh ​ព្រម​ទាំង​បណ្ដា​សកលវិទ្យាល័យ​ធំៗ​មួយ​ចំនួន​ផង​ដែរ”។
មើល​ទៅ​នៅ​ថ្ងៃ​អនាគត​ យើង​នឹង​អាច​ឃើញ​មាន​ក្មេង​ៗ​ មួយ​ចំនួន​មាន​មុខ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ Microsoft ឬ​ Google ឬ​ក៏​បណ្ដា​ក្រុមហ៊ុន​កំពូលៗ​ផ្សេង​ទៀត​ផង​ដែរ៕
ដោយ៖​ ដានី

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia