អ្នកវិទ្យាសាស្ត្រនិងមនុស្សគ្រប់គ្នាមិនអាចបំភ្លេចស្នាដៃ ដែលមានតម្លៃបំផុតរបស់គាត់បានទេគឺគោលការណ៍គណិតវិទ្យានៃ ទស្សនវិជ្ជាធម្មជាតិ ដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៦៨៧។ សៀវភៅនេះបង្កប់ទៅដោយគោលគំនិត និងទ្រឹស្ដីវិទ្យាសាស្ត្របច្ចេកវិទ្យាសំខាន់ៗ សម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយៗ ជាពិសេសជាទ្រឹស្ដីដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រយកមក អភិវឌ្ឍវិស័យ Mechanic ឲ្យជឿនលឿនរហូតដល់សព្វថ្ងៃ។
ជីវិតកុមារភាព
Isaac Newton កើតនៅតំបន់ Woolsthorpe-by-Colsterworth ក្នុងក្រុង Linconshire។ ឪពុករបស់Newton បានស្លាប់ចោល បន្ទាប់ពីគេទើបតែកើតបាន៣ខែ។ ឈានចូលវ័យបីឆ្នាំ ម្ដាយNewtonបានរៀបការជាមួយប្ដីថ្មីឈ្មោះថា Reverend Barnabus Smith។ ឪពុកចុងរបស់គេ បានឲ្យគេទៅនៅជាមួយម៉ែដោះឈ្មោះថា Margery Ayscough។
Newton មិនពេញចិត្តឪពុកចុងគេទេ ហើយគេតែងតែបង្កជម្លោះជាមួយម្ដាយអំពីរឿងរៀបការជាមួយប្ដីថ្មីនេះ។
ចាប់ពីអាយុ១២ដល់១៧ឆ្នាំ Newton បានចូលរៀននៅសាលា The King’s School ដែលជាសាលាបង្រៀនមុខវិទ្យាវេយ្យាករណ៍អង់គ្លេស។ នៅខែតុលាឆ្នាំ១៦៥៩ ម្ដាយNewtonបានលែងលះប្ដីទីពីរ ហើយគាត់បានបង្ខំឲ្យ Newton ឈប់រៀន ហើយឲ្យទៅធ្វើស្រែចម្ការ ខណៈដែលNewton មិនចូលចិត្តការងារស្រែចម្ការទេ។
ជាសំណាងល្អ សាស្ត្រាចារ្យ Henry Stokes ដែលធ្លាប់បង្រៀននៅសាលាដែលNewton រៀនពីមុននោះ បានជួយពន្យល់ណែនាំម្ដាយរបស់គេឲ្យបញ្ជូន Newton ទៅរៀនបន្ត។ ម្ដាយ Newton ក៏យល់ព្រមឲ្យកូនប្រុសរបស់គាត់បន្តការសិក្សារហូតដល់ចប់។ អ្វីដែលជាមូលហេតុចម្បងជំរុញឲ្យកុមាររូបនេះរៀនពូកែរហូតទទួល បានចំណាត់ថ្នាក់ល្អនោះ គឺដោយសារតែគេចង់ក្លាយជាសិស្សល្បី មានកេរិ៍្តឈ្មោះម្នាក់នៅក្នុងសាលា ដើម្បីកុំឲ្យក្រុមក្មេងពាលក្នុងសាលាធ្វើបាបគេទៀត។
ចាប់ពីឆ្នាំ១៦៦១មក Newton ចាប់ផ្ដើមប្រឡូកការងារក្នុងតំណែងតូចមួយនៅសាលា Cambridge។ តាំងពីពេលនោះមក គាត់ចាប់ផ្ដើមអាននិងស្វែងយល់ពីទស្សនវិជ្ជាទំនើបៗដូចជា ទស្សនវិជ្ជារបស់លោក Descartes, Copernicus, Galileo និង Keplerជាដើម។ បន្ទាប់ពីនោះមក គេចាប់ផ្ដើមស្រាវជ្រាវគន្លឹះ និងទ្រឹស្ដីសំខាន់ៗជាច្រើនទៀតដែលត្រូវបានក្រុមអ្នក វិទ្យាសាស្ត្រជំនាន់ក្រោយៗយកមកប្រើប្រាស់រហូតដល់សព្វថ្ងៃ។
ការបង្កើតទ្រឹស្ដីគណិតវិទ្យា
ចាប់ពីឆ្នាំ១៦៦៧មក Newton បានបង្កើត និងស្រាវជ្រាវទ្រឹស្ដីសំខាន់ៗជាច្រើន នៅក្នុងគណិតវិទ្យា។ ទ្រឹស្ដីដែលគាត់បានរកឃើញ ភាគច្រើនជាទ្រឹស្ដីដែលទាក់ទងនឹងរបៀបគណនាចំនួន ជាក់ស្ដែងដូចជាទ្រឹស្ដីទ្វេធា និងទ្រឹស្ដីពហុធាជាដើម។
អុបទិក
ពីឆ្នាំ១៦៧០ដល់ឆ្នាំ១៦៧២ Newton ចាប់ផ្ដើមបង្រៀនមុខវិជ្ជាអុបទិក។ ទន្ទឹមគ្នានឹងការបង្រៀនមុខវិជ្ជាអុបទិកនេះ Newton បានបន្តស្រាវជ្រាវទ្រឹស្ដីពណ៌ (Theory of Colour) ថែមទៀតផង។ ទ្រឹស្ដី អុបទិកនេះ បានក្លាយជាមូលដ្ឋានដ៏សំខាន់មួយ ជំរុញឲ្យគាត់រកឃើញទ្រឹស្ដីពន្លឺ ។
នៅឆ្នាំ១៦៧៩ គាត់បានចាប់ផ្ដើមសិក្សាលើ Mechanics ដែលផ្ដោតសំខាន់ទៅលើទំនាញដី និងឥទ្ធិពលលើគន្លងរបស់ភពនីមួយៗ ដោយផ្អែកតាមច្បាប់ Kepler។ ក្រោយមកទៀត ចាប់ពីឆ្នាំ១៦៨០-១៦៨១ គាត់បានងាកមកចាប់អារម្មណ៍សិក្សាតារាវិញម្ដង ដោយសារនៅអំឡុងពេលនោះ មានបាតុភូតផ្កាយដុះកន្ទុយធ្លាក់នៅប្រទេសអង់គ្លេស។
ក្នុងអំឡុងពេលនោះ ទ្រឹស្ដីសំខាន់បំផុតដែលគាត់បានបង្កើតគឺ ច្បាប់ជាសកលស្ដីពីចលនា ដែលក្រោយមកទ្រឹស្ដីនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកស្រាវជ្រាវយកទៅប្រើប្រាស់នៅសម័យបដិវត្តន៍។
ការកាន់តំណែងក្នុងស្ថាប័នរដ្ឋនិងឯកជន
Newton បានកាន់តំណែងជាប្រធានការិយាល័យ និងមន្ទីរជាច្រើនកន្លែង។ Newton មិនត្រឹមតែមាននាទីជាប្រធានស្ថាប័ន និងមន្ទីរផ្សេងៗនោះទេ ថែមទាំងជាសមាជិកសភានៅចក្រភពអង់គ្លេសចាប់ពីឆ្នាំ១៦៨៩ដល់១៦៩០ ហើយមួយអាណត្តិទៀតនៅឆ្នាំ១៧០១។ ក្នុងតំណែងជាសមាជិកសភានេះ

មកដល់ឆ្នាំ១៦៩៦ Newton បានកាន់តំណែងថ្មីមួយទៀតគឺជាអ្នកឃ្លាំមើលដំណើរការណ៍ប្រព្រឹត្តិ ទៅនៃការប្រើប្រាស់កាក់នៅប្រទេសអង់គ្លេស។ រហូតដល់ឆ្នាំ១៦៩៩ Newton បានក្លាយជាប្រធានគ្រប់គ្រងការប្រើប្រាស់កាក់។ ក្រោយពីបានកាន់តំណែងនេះ Newton បានធ្វើកំណែទម្រង់ជាច្រើនលើរូបិយវត្ថុរបស់អង់គ្លេស។
ក្រោយមកទៀត នៅឆ្នាំ១៧០៣ គាត់បានក្លាយជាប្រធានកិច្ចការសង្គម ដែលតែងតាំងឡើងដោយព្រះមហាក្សត្រ។ ក្រៅពីតំណែងទាំងនេះ គាត់ក៏មានតួនាទីមួយទៀតគឺជាប្រធានរាជបណ្ឌិតសភាវិទ្យាសាស្ត្រ។
មរណភាព
ដោយសារតែវ័យកាន់តែច្រើន Newton បានត្រឡប់មករស់នៅ Cranbury Park។ គេបានទទួលមរណភាពនៅទីក្រុងនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៧២៧។ សពNewton ត្រូវបានគេយកទៅបញ្ចុះនៅឯ Westminster Abbey។
ក្រោយពីគាត់អនិច្ចកម្មបានប៉ុន្មានឆ្នាំ មានក្រុមអ្នកស្រាវជ្រាវគាស់ផ្នូរ ហើយគេរកឃើញ មានជាតិបារត ជាច្រើន។ ក្រុមអ្នកស្រាវជ្រាវទាំងនោះបានគូសបញ្ជាក់ពីមូលហេតុនេះថា ដោយសារតែគាគេចំណាយពេលច្រើនពេកក្នុងការស្រាវជ្រាវពីគីមី ។
កេរ្តិ៍ឈ្មោះបច្ចុប្បន្ន
បើទោះបីជាNewton បាត់បង់រូបកាយយ៉ាងណាក្ដី ក៏កេរ្តិ៍ឈ្មោះ និងស្នាដៃ ត្រូវបានមនុស្សជាច្រើន ទទួលស្គាល់ពីតម្លៃឥតកាត់ថ្លៃបានរបស់គេព្រោះថាប្រសិនបើ គ្មានការរកឃើញណាមួយរបស់អ្នកវិទ្យសាស្ត្ររូបនេះលើផ្នែករូប គីមី គណិត និងជាមូលដ្ឋានមួយចំនួនទៀតយ៉ាងសំខាន់នោះទេ នោះពិភពលោកក៏គ្មានការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រឲ្យរីកចម្រើន រហូតដល់បច្ចុប្បន្ននេះដែរ។
កាលពីឆ្នាំ២០០៥ មានការស្ទង់មតិមួយបានធ្វើឡើងនៅចក្រភពអង់គ្លេស ដោយវាយតម្លៃទៅលើអ្នកវិទ្យាសាស្ត្រកាលពីសម័យអតីតកាលមាន ឥទ្ធិពលក្នុងវិស័យវិទ្យាសាស្ត្របំផុត។ ជាលទ្ធផលអ្នកវិទ្យាសាស្ត្រដែលទទួលបានការគាំទ្រ និងឲ្យតម្លៃបំផុត បានទៅលើ Isaac Newtonតែម្នាក់គត់៕
0 comments:
Post a Comment