នាយករដ្ឋមន្ដ្រី អំពាវនាវ ឱ្យវិនិយោគិន ប្រ៊ុយណេ មកដាក់ទុន នៅកម្ពុជា លើវិស័យ កសិកម្ម

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២នេះ តាមរយៈឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្ម ការទូតរបស់ខ្លួននៅ កម្ពុជា បានអំពាវនាវ ឱ្យវិនិយោគិននៅប្រទេសប្រ៊ុយណេ មកដាក់ ទុនរកស៊ីនៅកម្ពុជា លើវិស័យកសិកម្មឱ្យបានច្រើន ពីព្រោះថា ប្រទេសប្រ៊ុយណេ គឺជា ប្រទេសមួយដែលនាំចូល អង្ករដ៏ច្រើនផងដែរ ក្នុងរយៈពេលមួយឆ្នាំៗ ។
ការអំពាវនាវ ពីសំណាក់ប្រមុខ នៃរាជរដ្ឋាភិបាល ស្វែងរកក្រុម វិនិយោគបរទេស មករកស៊ីនៅកម្ពុជា លើវិស័យកសិកម្មនេះ ខណៈដែលសម្ដេច បានអនុញ្ញាតឱ្យ លោក ផេង ជីរ៉ាន់ ដាតូ ប៉ាដូកា ឯកអគ្គរាជទូត របស់ប្រទេសប្រ៊ុយណេ ដែលត្រូវបញ្ចប់បេសកកម្មការទូតរបស់ខ្លួន នៅកម្ពុជា ចូលជួបសម្ដែងការគួរសម និង ជម្រាបលា នៅវិមានសន្ដិភាព។
ជំនួយការផ្ទាល់ សម្ដេចនាយករដ្ឋមន្ដ្រី លោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅចំពោះមុខឯកអគ្គរាជទូតប្រ៊ុយណេ ដែលត្រូវបញ្ចប់អាណត្ដិការ ងាររបស់ខ្លួនខាងលើនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រ៊ុយណេជាប្រទេសនាំចូលអង្ករ ដូច្នេះសម្ដេចសូមអំពាវនាវ ឱ្យក្រុមវិនិយោគិន នៅប្រ៊ុយណេ មកដាក់ទុនលើ វិស័យកសិកម្មនៅកម្ពុជា ។
ឯកអគ្គរាជទូត បញ្ចប់អាណត្ដិការងាររូបនេះ បានលើកឡើងថា ក្នុងរយៈពេល ៣ឆ្នាំ នៃការបំពេញជា ឯកអគ្គរាជទូតរបស់ប្រ៊ុយណេ នៅកម្ពុជា លោកបានមើលឃើញ ពីការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស របស់កម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ។ ជាមួយគ្នានេះ សម្ដេចតេជោបានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនប្រ៊ុយណេ ដែលបានជួយឧបត្ថម្ភដល់ពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារទឹកជំនន់ កាលពីពេលកន្លងទៅ ។
សម្ដេចបានចាត់ទុកថា ការបំពេញបេសកកម្មការទូត នៅកម្ពុជារយៈពេល ៣ឆ្នាំនេះ គឺបានចូលរួមចំណែក ជំរុញនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន ។ សម្ដេច នាយករដ្ឋមន្ដ្រី បានជំរុញឱ្យភាគីទាំងពីរ កម្ពុជា-ប្រ៊ុយណេ បង្កើននិងពង្រីកកិច្ចសហប្រតិបត្ដិការលើគ្រប់ វិស័យកាន់តែរីកចម្រើនខ្លាំងឡើង។
នៅក្នុងជំនួបនេះដែរ ទាក់ទិនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា កាលពីឆ្នាំ២០១១ សម្ដេចបានបញ្ជាក់ថា មានការកើនឡើងប្រមាណ ៧,១ភាគរយ បើទោះបីកម្ពុជា បាន ជួបគ្រោះមហន្ដរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ជាដើមនោះ៕
ដកស្រង់ចេញពី៖​ ដើមអំពិល

Comments

Popular posts from this blog

រៀនបង្កើត Web Blog ដោយខ្លួនឯង

ស្វែងយល់ទៅលើ MS-DOS(Microsoft Disk Operating System)

Employee Management System